Cctimesw1140xh150cm copy

ម្ចាស់ផ្សារសំរោងធំបំភ្លឺពី«តម្លៃតូបក្នុងផ្សារ»ក្រោយការចុះផ្សាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ម្ចាស់ផ្សារសំរោងធំ លោកស្រី ឃ្លាំង សំបូរ នៅថ្ងៃទី៤ តុលានេះ បានចេញនូវសេចក្តីជូនដំណឹងមួយពាក់ព័ន្ធទៅនឹងការត្អូញត្អែរបស់ក្រុមអាជីវករដែលថា «ដំណាក់កាលកូវីដ19 លក់ដូរក៏មិនសូវដាច់ ហើយម្ចាស់អ្នកវិនិយោគផ្សារឯកជន តម្រូវឱ្យពួកគាត់បង់លុយលើសសមត្ថភាពទៀត»។

ក្នុងលិខិតជូនដំណឹងថា លោកស្រីបានបំភ្លឺថា ក្នុងនាមជាម្ចាស់ ផ្សារសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោកស្រីបានសម្របសម្រួលបន្ធូបន្ថយតម្លៃឈ្នួលប្រចាំខែ ហើយកន្លែងលក់ដូរក្នុងផ្សារកន្លងមក គឺក្រុមអាជីវករមានការឯកភាពគ្នា ជាមួយនិងម្ចាស់ផ្សារដោយគ្មានការបង្ខិតបង្ខំ។

ប៉ុន្តែក្រោយមកមានការចុះផ្សាយខុសពីការពិតដោយមានដាក់ចំណងជើងបែបលេបខាយថា «សម័យកូវីដ! អ្នកលក់ដូរ ថ្ងូររឿងបង់ថ្លៃតូបមិនព្រមចុះថ្លៃ» ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រីក្នុងនាមជាម្ចាស់ផ្សារ។

ក្នុងចំណុចនេះ លោកស្រីបានជូនដំណឹងដល់ក្រុមអាជីវករដែលគិតថា តម្លៃប្រចាំខែដែលមានការព្រមព្រៀងគ្នារួចមកហើយ តែមិនមានលទ្ធភាពបង់ តម្លៃឈ្នួលប្រចាំខែទេនោះ ក្នុងនាមលោកស្រីជាម្ចាស់ផ្សារសុខចិត្តប្រគល់ប្រាក់កក់កន្លែងជូនអាជីវករវិញគ្រប់ចំនួន ដោយមិនបង្ខិតបង្ខំក្រុមអាជីវករលក់ដូរនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ តុលា មានសារព័ត៌មានបានចុះផ្សាយថា ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើននាក់បាននាំគ្នាត្អូញត្អែថា ដំណាក់កាលកូវីដ19 លក់ដូរក៏មិនសូវដាច់ ហើយម្ចាស់អ្នកវិនិយោគផ្សារឯកជន តម្រូវឱ្យពួកគាត់បង់លុយលើសសមត្ថភាពទៀត។

តែយ៉ាងណាក៏ដោយលោកស្រី ឃ្លាំង សំបូរ បានលើកឡើងថា អាជីវករទាំងអស់បានព្រមព្រៀងឯកភាពមានកិច្ចសន្យាអស់ហើយ គ្មានអ្នកណាតវ៉ាទេ។លោកស្រីសូមគោរពអរគុណដល់អាជីវករទាំងអស់ដែលបានជម្នះឧបសគ្គជាមួយគ្នាជារៀងរហូតមក។លោកស្រី អំពាវនាវដល់អាជីវករទាំងអស់ប្រសិនបើមានបញ្ហាអ្វីមិនសប្បាយចិត្តនៅកន្លែងលក់ដូរ សូមជួបជាមួយលោកស្រីដើម្បីរិះរកវិធីសាស្ត្រដោះស្រាយរួមគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ផ្សារ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង