ភ្នំពេញ៖អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ឧសភានេះ បានប្រកាសឱ្យដឹងថា ពុំមានករណីអាជីវករក្នុង «ផ្សារសិរីសោភ័ណ»ឆ្លងកូវីដ-១៩នោះទេ។ការប្រកាសនេះ គឺមន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមមួយចំនួន និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យមានការភ្ញាក់ផ្អើលតៗគ្នាថា មានការផ្ទុះជំងឺកូវីដ-១៩នៅក្នុងផ្សារមួយនេះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា គិតត្រឹមថ្ងៃទី ៣ ឧសភានេះ ក្នុង«ផ្សារសិរីសោភ័ណ»មិនមានអាជីវករក្នុងផ្សារឆ្លងកូវីដនោះទេ ពោលគឺមានតែអ្នកប៉ះពាល់ប្រយោលជាមួយអ្នកជំងឺកូវីដតែប៉ុណ្ណោះ។
បើតាមឯកឧត្តមអភិបាល នៅថ្ងៃនេះក្រុមការងារខេត្តបានចុះពិនិត្យទីតាំងជាក់ស្តែង នៅផ្សារសិរីសោភ័ណ ,ផ្ទះ និងមន្ទីរពេទ្យសិរីសោភ័ណ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ប្រយោលលើករណីបុរសម្នាក់ មានវិជ្ជមានកូវីដ១៩ រស់នៅភូមិភ្នំកន្ទួតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ( ការធ្វើតេសបឋម rapid test)។
ឯកឧត្តមអភិបាលខេត្ត អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ មានការចូលរួមសហការចូលរួមអនុវត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងក្រុមគ្រូពេទ្យ ដើម្បីដោះស្រាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៍កាចសាហាវនេះ ។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ៣ ឧសភានេះ ខេត្តបន្ទាយមានជ័យ បានកើតការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលមិនដល់មួយអាទិត្យរកឃើញអ្នកឆ្លងកូវីដ ៥៦៥ នាក់។ ករណីឆ្លងធ្ងន់ធ្ងរបំផុតគឺនៅទីក្រុងប៉ោយប៉ែត ជាមណ្ឌលកាស៊ីណូនិងច្រកចរាចរណ៍ទំនិញជាប់ព្រំដែនថៃ។ ភាគច្រើនអ្នកឆ្លងជាជនបរទេស ក្នុងនោះជនជាតិឥណ្ឌូណេស៊ីមានចំនួនច្រើនជាងគេ និងបានបិទខ្ទប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ហើយដាក់ភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតជាតំបន់ក្រហម៕