
ប៉ីហៃ, ចិន៖ ក្រុមហ៊ុនចិនចំនួន២ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រសម្រាប់ទិញ-លក់ដំណាប់ស្វាយកម្ពុជា ចំនួន ២០ ០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន ១៥ ០០០តោន (២០២៥-២០២៦)។ ភាគីចិនបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ខ្លួននឹងបញ្ជាទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ ពាន់តោន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនទាំងពីរនោះមានដូចជា ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. ដោយភាគីចិន នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ ពាន់តោន ក្នុងឆ្នាំ២០២៥ នេះ។
គួរបញ្ជាក់ថា នៅទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Zeng Ling អភិបាលរងទីក្រុងប៉ីហៃ បានចូលរួមជាអធិបតីក្នុងព្រឹត្តិការផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន ដែលមានការអញ្ជើញចូលរួមពីអាជ្ញារធរខេត្ត និងតំណាងក្រុមហ៊ុនកម្ពុជា-ចិនជាច្រើនរូប។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែទូលំទូលាយ៕


