
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់សហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រលើគម្រោង Aspire-AT និងសម្រួចគោលដៅទៅលើការអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ Team Europe Initiative 1 “Green Agribusiness and Decent Jobs” នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរុប ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានយល់ច្បាស់នូវវឌ្ឍនភាពគម្រោងដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍនានា ទាំងគម្រោងបានបញ្ចប់ជាស្ថាពរ និងគម្រោងកំពុងស្ថិតក្នុងការអនុវត្តនាពេលបច្ចុប្បន្ន។
លោកបានស្នើដល់សហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រលើគម្រោង Aspire-AT និងសម្រួចគោលដៅទៅលើការអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ដោយឡែកសម្រាប់គម្រោង Capfish-Aquaculture ផងដែរដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំនេះ លោកបានស្នើឱ្យភាគីអឺរ៉ុបចូលរួមបន្តគាំទ្រ និងផ្តោតសំខាន់លើការកែច្នៃផលិតផលជលផលទឹកសាបកម្ពុជា ឱ្យមានការកើនឡើង និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានជម្រាបជូនពីការរៀបចំកម្មវិធី(CAFE25) ដែលជាកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មលើកដំបូងរបស់កម្ពុជា និងបានអញ្ជើញតំណាងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបដើម្បីចូលរួម ក៏ដូចជាសហការក្នុងការរៀបចំ សំដៅលេីកកម្ពស់វិស័យកសិកម្មកម្ពុជា ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កេីនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕



