(ម៉ូស្គូ, រុស្ស៊ី)៖ ប្រធានក្លឹបការទូតអន្តរជាតិ និងគណៈប្រតិភូ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្ស៊ី ការតាំងពិព័រណ៍ផលិតផលខ្មែរ ការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ី និងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរផងដែរ។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី៤មិថុនាកន្លងទៅនេះ។
នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ទទួលជួបពិភាក្សាការងារជាមួយ លោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) និងមានការចូលរួមពី លោកស្រី សុខ សុបុត្ត ទីប្រឹក្សាស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងគណៈប្រតិភូស្ថានឯកអគ្គរាជទូត និងក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) ជាច្រើនរូប។
នៅក្នុងជំនួបនេះ លោកប្រធានក្លឹបការទូតអន្តរជាតិ និងគណៈប្រតិភូ បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្ស៊ី ការលើកកម្ពស់មរតកវប្បធម៌ អរិយធម៌កម្ពុជា ការតាំងពិព័រណ៍ផលិតផលខ្មែរ ការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ី និងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ីមកលេងកម្ពុជា។
លោកឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនរុស្ស៊ីមានបំណងចង់ស្វែងរកកិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរបន្ថែមទៀតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកអគ្គរាជទូត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ លើកកម្ពស់បរិយាកាសធុរកិច្ច និងវិស័យសក្តានុពលផ្សេងៗទៀត ដែលកម្ពុជាមាន៕