.jpg?1749193920)
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ជាង៣លាន៥សែនដុល្លារអាម៉េរិក ពីសប្បុរសជនចំនួនជាង២៤ម៉ឺននាក់។
បើតាមការប្រកាសលើផេកផ្លូវការរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៥ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់។ លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
.jpg?1749193933)
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីនេះ រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី«ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជួយមូលនិធិគន្ធបុប្ផាកម្ពុជា។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ សូមបរិច្ចាគតាមរយៈគណនីរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាមេរិក៕