
ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៧ ព្រះវស្សារបស់ព្រះមហាក្សត្រ Charles III នៃប្រទេសអង់គ្លេស ដោយបានលើកយកប្រធានបទស្ថាបត្យកម្ម ព្រមទាំងបានដាក់បង្ហាញនូវរូបគំរូនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅទីនោះផងដែរ។ កម្មវិធីនេះ រៀបចំឡើងក្រោមការចូលរួមដោយ លោកឯកអគ្គរដ្ឋទូត Dominic Williams និង លោក សាយ សំអាល់ រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានជ្រើសរើសប្រធានបទស្ថាបត្យកម្ម ដើប្បីអបអរពិធីបុណ្យចម្រើនព្រះជន្មស្តេចអង់គ្លេសនៅឆ្នាំនេះ។ កម្មវិធី បានបង្ហាញពី Foster + Partners ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់អង់គ្លេស ជាអ្នករចនាដែលឈ្នះពានរង្វាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការរចនា បញ្ចូលគ្នានូវធាតុផ្សំនៃស្ថាបត្យកម្មប្រពៃណីខ្មែរជាមួយនឹងបច្ចេកវិទ្យាបៃតង បង្កើតបានទាំងកន្លែងសម្គាល់ជាតិដ៏ទាក់ទាញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពទំនើប និងក្នុងចំណោមព្រលានយន្ត ហោះបៃតងបំផុតរបស់ពិភពលោក។

លោកឯកអគ្គរដ្ឋទូត Dominic Williams បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិមិនគ្រាន់តែជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារប៉ុណ្ណោះទេ វាគឺជាច្រកផ្លូវរបស់ប្រទេសទៅកាន់ពិភពលោក និងបង្កើតចំណាប់អារម្មណ៍ដំបូងរបស់អ្នកដំណើរ។ ការរចនាអាកាសយានដ្ឋានអន្តរជាតិតេជោ បង្កើតពាក្យពេចន៏ដ៏មានអានុភាពអំពីប្រទេសកម្ពុជា ថាមវន្ត ទំនើប និងមហិច្ឆតា ខណៈពេលនៅផ្សារភ្ជាប់ឫសគល់នៅក្នុងវប្បធម៌ និងប្រពៃណីចំណាស់រាប់សតវត្សរបស់ខ្លួន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការប្រារព្ធពិធីនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។ លោក សាយ សំអាល់ មានមោទនភាពក្នុងការបង្ហាញពីការសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងខែកញ្ញានេះ ដែលរចនាឡើងជាមួយនឹងលក្ខណៈពិសេសប្រកបដោយនិរន្តរភាពដ៏ទំនើប។ គម្រោងដ៏សំខាន់នេះឈរជាសក្ខីភាពដ៏ទាក់ទាញចំពោះភាពរឹងមាំ និងថាមវន្តនៃភាពជាដៃគូវិនិយោគដែលកំពុងរីកចម្រើនរបស់ចក្រភពអង់គ្លេស-កម្ពុជា៕


