Smart saver cctime web bannertif

ស្ថានភាពទឹក«ទន្លេមេគង្គ» នឹងមានបរិមាណពីមធ្យមទៅបង្គួរ ខណៈពេលតាមស្ទឹង ដៃទន្លេ អាចមានជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្តីប្រកាសព័ត៌មានពីស្ថានភាពទឹកទន្លេមេង្គលើកទី១ ប្រចាំឆ្នាំ២០២៥ ដោយក្នុងឆ្នាំនេះ ទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងក្នុងប្រទេសកម្ពុជាផងមានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ខណៈពេលនៅផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើនដែលអាចបណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ។

នៅក្នុងខែឧសភា ប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូតអែនសូ (ENSO Neutral) ១០០%។ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បាតុភូតអែលនីណូ (El Niño) ១០% បាតុភូតអែនសូ (ENSO Neutral) បានថយចុះជាបន្តបន្ទាប់ពី ១០០% មកនៅ ៦០% ដែលជាបាតុភូតចន្លោះរវាងបាតុភូតអែលនីណូ និងឡានីញ៉ា (La Niña) ហើយបាតុភូតឡានីញ៉ា អាចនឹងកើនឡើងពី១០% ទៅ៣០%។

ស្ថានភាពបែបនេះ អាចបណ្តាលឲ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងក្នុងប្រទេសកម្ពុជាអាចមានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ខណៈពេលនៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនដែលអាចបណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ។

ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ប្រហាក់ប្រហែល និងខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ។ ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ប្រហាក់ប្រហែល និងខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥៨ម៉ែត្រ។ ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣៩ម៉ែត្រ និងខ្ពស់ជាងមធ្យមច្រើន ឆ្នាំប្រមាណ ០,២៩ម៉ែត្រ។ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល និងទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣០ម៉ែត្រ។ បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៥៥ម៉ែត្រ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២៥នេះគឺ ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ រីឯទន្លេមេគង្គក្នុងខេត្តកំពង់ចាម ទឹកមានកម្ពស់ទាបជាង និងខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច ចំណែកឯទឹកទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប គឺទាបជាងមធ្យមច្រើនឆ្នាំ។ ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកអាចមានកម្ពស់អតិបរមា ៩.០៥ម៉ែត្រ ដែលចាត់ទុកជា ប្រភេទជំនន់មធ្យម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង