ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ ខែមិថុនាកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦(ដូចមានក្នុងឧបសម្ព័ន្ធ១)។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ទំនិញទាំងនោះរួមមានផលិតផលកសិកម្មមួយចំនួន រួមទាំងសាច់សត្វផងដែរ។
ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។
សេចក្តីជូនដំណឹងបន្តថា ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ផលិតករ និងអ្នកនាំចេញ អាចមកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា រយៈពេល៤ខែនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាម មានទឹកប្រាក់ ៣,២២ ពាន់លានដុល្លារ កើនឡើង ៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម ១,៧៩ ពាន់លានដុល្លារ កើនឡើង ៤,៥ ភាគរយ និងវៀតណាមនាំចូល ១,៤៣ ពាន់លានដុល្លារ កើនឡើង ១០,៣ ភាគរយ៕