ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់ឯកអគ្គរដ្ឋទូតប៉េរូ ជួយជំរុញអ្នកវិនិយោគប៉េរូ មកធ្វើធុរកិច្ច និងនាំចេញផលិតផលកម្ពុជា រួមមាន៖ ផលិតផលកៅស៊ូ និងអង្ករ ព្រមទាំងពិនិត្យលើការវិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យឧស្សាហកម្ម និងទេសចរណ៍ ជាដើម។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតប្រទេសប៉េរូប្រចាំកម្ពុជា នារសៀលថ្ងៃទី៤មិថុនានេះ។
កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានសក្តានុពលនៅក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជាផលិតផលស្រូវ និងកៅស៊ូ ជាដើម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នាឱកាសនោះ លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់ឯកអគ្គរដ្ឋទូត ជួយជំរុញអ្នកវិនិយោគប៉េរូ មកធ្វើធុរកិច្ច និងនាំចេញផលិតផលកម្ពុជា រួមមាន៖ ផលិតផលកៅស៊ូ និងអង្ករ ព្រមទាំងពិនិត្យលើការវិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យឧស្សាហកម្ម និងទេសចរណ៍ ជាដើម។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត បានកត់សម្គាល់នូវសំណូមពរ និងបានសន្យាថា នឹងចែករំលែកការពិភាក្សាទាំងនេះទៅកាន់វិស័យឯកជនរបស់ប្រទេសប៉េរូ ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពទាំងអស់នេះ៕