681 ezgif.com resize
Swift cc time

វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ប្ដេជ្ញាចិត្តចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ប្ដេជ្ញាចិត្តក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការដើរតួនាទីដ៏សំខាន់ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈក្រសួងសុខាភិបាល។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជារយៈពេលជិត៧០ឆ្នាំមកហើយ។ ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ។

លោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ បានជម្រាបជូននូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងដើរតួនាទីដ៏សំខាន់ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈក្រសួងសុខាភិបាល។ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងក្រសួងសុខាភិបាល និងស្នើសុំឱ្យពង្រីកកិច្ចសហការ និងបន្តការផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ ជូនដល់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងបារាំងក្នុងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញចំណេះដឹង វិទ្យាសាស្ត្រ និងសុខភាពសាធារណៈ៕


Khcct banner

អត្ថបទទាក់ទង