Smart saver cctime web bannertif

ទូតអង់គ្លេស​ចាត់ទុកថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោ»ជាមោទកភាពបង្ហាញថា​ខ្មែរអាចធ្វើបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«អាកាសយានដ្ឋានអន្តរជាតិតេជោ»។រូបភាព៖CAIC

កណ្តាល៖ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា បានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ច អំពីវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈអាកាសយានដ្ឋានលំដាប់ 4F របស់ប្រទេសកម្ពុជានេះ ការបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ក្រោយទស្សនកិច្ច លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងចាត់ទុក ព្រលានយន្តហោះថ្មីនេះ នឹងផ្លាស់ប្ដូរឥរិយាបទភ្ញៀវអន្តរជាតិ និង ជាមោទកភាពបង្ហាញថា ​ខ្មែរអាចធ្វើបាន។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ច លោក Dominic Williams បានសម្តែងនូវអារម្មណ៍រីករាយពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយព្រលាននេះ ពេលភ្ញៀវអន្ដរជាតិដែលមកទីនេះ នឹងមើលឃើញថា កម្ពុជាគឺជាប្រទេសទំនើប ដែលមានចក្ខុវិស័យ សម្រាប់អនាគត។

បើតាម លោក Dominic Williams លោករំពឹងថា នៅពេលដែលភ្ញៀវអន្តរជាតិ មកព្រលានយន្តហោះថ្មីនេះ ពួកគេនឹងមើលឃើញសក្តានុពលដែលកម្ពុជាមាន នឹងផ្លាស់ប្ដូរឥរិយាបទភ្ញៀវអន្តរជាតិ ចំពោះប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលមានសារៈសំខាន់ គឺជាប្រជាជនកម្ពុជា មានមោទនភាព លើព្រលានយន្តហោះថ្មីនេះ ពីព្រោះព្រលានយន្តហោះនេះ បង្ហាញអ្វីដែលកម្ពុជា អាចធ្វើបាន

 លោក Dominic Williams គឺជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាដែលជាទូទៅប្រជាពលរដ្ឋបានស្គាល់លោកតាមរយៈបណ្តាញសង្គមអមជាមួយលោកចេញនិយាយភាសាខ្មែរបានល្អ និង តែងតែជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា។សម្រាប់ដំណើរទស្សនកិច្ចនៅថ្ងៃនេះ លោកប្តេជ្ញាថា នឹងលើកយកនូវសមទ្ធិផល នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញទៅកាន់ក្រុមហ៊ុន នៅអង់គ្លេស និង រដ្ឋាភិបាលអង់គ្លេស ហើយលោកតែងតែ ចូលរួមផ្សព្វផ្សាយ អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ តាមរយៈវីដេអូខ្លីៗ នៅលើបណ្តាញសង្គមរបស់លោក។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ជាអាកាសយានដ្ឋាន 4F  ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។

តាមផែនការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង