
ភ្នំពេញ៖ ក្នុងរយៈពេល៤ខែឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា ដល់ខែមេសា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានចំនួន ១,៤៩ពាន់លានដុល្លារ កើនឡើង ៦.៤ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ រយៈពេល៤ខែកន្លងទៅនេះ កម្ពុជាបាននាំចេញទៅថៃក្នុងទឹកប្រាក់ប្រមាណ ៣២៧លានដុល្លារ ធ្លាក់ចុះ ២.៩ ភាគរយ ខណៈការនាំចូលពីថៃមកវិញក្នុងទឹកប្រាក់ប្រមាណ ១,១៦ ពាន់លានដុល្លារ កើនឡើង ៩.៤ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ផលិតផលសំខាន់ៗរបស់កម្ពុជាសម្រាប់នាំចេញទៅប្រទេសថៃភាគច្រើនមានដូចជា ផលិតផលកសិកម្ម ពោត ដំឡូងមី ស្រូវ អង្ករ កៅស៊ូ ស្វាយ និងផលិតផលឈើ ដែលភាគីថៃយកទៅកែច្នៃដើម្បីនាំចេញបន្ត។ ក្រៅពីនេះក៏មានផលិតផលមួយចំនួនទៀតដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម។
ដោយឡែកមុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសថៃភាគច្រើនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារសំណង់ ប្រេងឥន្ធនៈ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ ជាដើម៕