Smart saver cctime web bannertif

កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា អនុម័តលើប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ បានបើកដំណើរការកាលពីថ្ងៃទី២ ខែមិថុនា ម្សិលមិញនេះ ដោយកិច្ចប្រជុំចាប់ផ្តើមតាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ និង២៣នាទី ដែលជាកិច្ចប្រជុំឆ្លងថ្ងៃមិនធ្លាប់មានពីមុន ជាលក្ខណៈប្រវត្តិសាស្រ្ត។ កិច្ចប្រជុំពេញមួយថ្ងៃ និងឈានដល់ថ្ងៃទី៣នេះ សមាជិករដ្ឋសភា និងព្រឹទ្ធសភា មកពីគណៈបក្សនយោបាយទាំងអស់ បានបោះឆ្នោតជាឯកច្ឆ័ន្ទគាំទ្រ និងអនុម័តទៅលើរបៀបវារៈសំខាន់ៗចំនួន២ ក្នុងនោះរួមមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលអាណិត្តទី៧ ក្នុងការជួយគាំទ្រ និងថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ និងការពារភាពធន់នៃអាជីវកម្មខ្នាតតូចជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃទី១ បានពិភាក្សាលើរបៀបវារៈ ដោយផ្តើមដំបូងដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានពិភាក្សាលើកិច្ចការព្រំដែន បន្តដោយប្រព័ន្ធគាំពារសង្គម។ កម្មវិធីគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម រួមមាន៖ (១) ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និង (៣) ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ចាត់ទុកប្រព័ន្ធគាំពារសង្គមជាអាទិភាព ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រជាទូទៅ សំដៅ រួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

សមាជរដ្ឋសភា និងព្រឹទ្ធសភា និងសមាជិកទាំងអស់ ក៏បានបន្តពិភាក្សាទៅលើរបៀបវារៈអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និងធ្វើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការ «ផ្ទាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញាណ ប្រភេទមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្តល់ការគាំទ្រផ្សេងៗ បានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

សមាជិកអង្គសមាជចំនួន ២២រូប បានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសម្តេច ហ៊ុន ម៉ាណែត ធ្វើការបកស្រាយ ទៅលើមតិពិភាក្សា បានលើកឡើងរួចមក អង្គប្រជុំសមាជ ក៏បានធ្វើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

គួរបញ្ជាក់ថា របៀបវារៈទី៣ អំពីវិស័យកសិកម្ម អង្គសមាជនឹងធ្វើការពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាបន្ត នៅវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង