ភ្នំពេញ៖ សហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានផលិតចេញនូវវីដេអូពីសហភាពអឺរ៉ុបនៅក្នុងពិភពលោក ដែលកម្ពុជាជាប្រទេសទី១នៃការផលិតវីដេអូនេះ។ វីដេអូបានបង្ហាញពីសកម្មភាពមួយចំនួនក្រោមជំនួយនៃសហភាពអឺរ៉ុបមកលើកម្ពុជា លើវិស័យកសិកម្ម ជលផលជាដើម។
សហភាពអឺរ៉ុប បានផលិតវីដេអូដោយមានលោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ជាអ្នកបកស្រាយក្នុងវីដេអូដោយផ្ទាល់។ បើតាមលោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប សហភាពអឺរ៉ុបបានជួយគាំទ្រកម្ពុជាក្នុងវិស័យអប់រំ សាងសង់ផ្លូវថ្នល់ ដែលជាផ្នែកមួយជួយឲ្យកម្ពុជាឈានដល់ទីផ្សារពិភពលោក ថែមទាំងស្វែងរកការងារឲ្យប្រជាពលរដ្ឋតាមរយៈការនេសាទ កសិកម្មជាដើម។
បន្ថែមពីនេះ វីដែអូបានបង្ហាញនូវផលិតផលក្នុងស្រុកមួយចំនួនថែមទៀត រូមមានស្វាយ ដែលហាក់មានតម្លៃថ្លៃនៅសហភាពអឺរ៉ុប ប៉ុន្តែជាផលិតផលសំបូរបែបនៅកម្ពុជាមានតម្លៃធូរថ្លៃ និងរសជាតិឆ្ងាញ់របស់ស្វាយខ្មែរ។ សហភាពអឺរ៉ុប ក៏បានបង្ហាញពីការជួយរបស់ខ្លួនទៅលើផលិតផលកសិកម្មក្នុងស្រុក ដែលជាគ្រាប់ស្វាយចន្ទី តាមរយៈការផលិតគ្រាប់ស្វាយចន្ទីឲ្យមានស្តង់ដារខ្ពស់ ចេញទីកាន់ទីផ្សារអន្តរជាតិ និងបង្កើនឳកាសការងារដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅពេលថ្មីនេះ សហភាពអឺរ៉ុប បាននឹងកំពុងបញ្ចប់គម្រោងCAPFISH-Capture នៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ ដែលគម្រោងនេះបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាពដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឍធនធានជលផល។ សហភាពអឺរ៉ុប បាននឹងកំពុងគ្រោងនូវគម្រោងថ្មី ដើម្បីជួយអភិវឌ្ឍកម្ពុជាបន្ត៕