Smart saver cctime web bannertif

គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើម«បោះបង្គោល»បន្តចាប់ពីព្រំប្រទល់ខេត្តតាកែវដល់ខេត្តកំពត ប្រមាណ៥០៦បង្គោល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នឹងចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប្រទល់ខេត្តកណ្ដាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលគ្រោងបោះបង្គោលប្រមាណ៥០៦បង្គោលបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។ កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជារួម លទ្ធផលនៃចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ មានចំនួន ២៣២បង្គោល។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ នឹងចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប្រទល់ខេត្តកណ្ដាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលគ្រោងបោះបង្គោលប្រមាណ៥០៦បង្គោលបន្ថែមទៀត។

គួរបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់។

ក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកណ្តាល កំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបន្ថែមថា បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់ចំនួនគ្រឿងចក្រដែលត្រូវធ្វើការប្រើប្រាស់ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួម ក្រុមហ៊ុនសាងសង់បានត្រៀមគ្រឿងចក្ររួចរាល់ រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-)ទើបការសាងសង់ចាប់ផ្តើមបាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង