Smart saver cctime web bannertif

រកឃើញ«កូនសត្វត្មាតភ្លើង»ទើបកើតថ្មីក្នុងដែនជម្រកសត្វព្រៃលំផាត់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កូនសត្វត្មាតដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញទើបតែញាស់ចេញពីសំបុកក្នុងដែនជម្រកសត្វព្រៃលំផាត់ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាជុំវិញបញ្ហានេះថា”យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចែករំលែកដំណឹងល្អ ពីការកត់ត្រាឃើញវត្តមានកូនសត្វត្មាតភ្លើង នៅទីតាំងអាហារដ្ឋានត្មាតរបស់យើងក្នុងដែនជម្រកសត្វព្រៃលំផាត់”។

ចាប់ពីចុងខែឧសភា នេះទៅគឺជាពេលវេលាដែលកូនត្មាតទាំងនេះចាប់ផ្តើមរៀនហើរចេញពីសំបុកជាលើកដំបូង ដើម្បីស្វែងរកចំណីតាមមេបារបស់ពួកវា។ ត្មាតភ្លើង (red-headed vulture) មានកម្ពស់ពី ៧៦ ទៅ ៨៦ សង់ទីម៉ែត្រ។ វាមានដងខ្លួនពណ៌ខ្មៅ។ ឯក្បាល និង ជើងពណ៌ក្រហម ។ភ្លៅរបស់វាមានរោមពណ៌ស និងមានឆ្នូតស តាម បណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម។ ចំណែកសត្វត្មាតភ្លើងញីមានភ្នែកពណ៌ខ្មៅ និងឈ្មោលមាន ភ្នែក ពណ៌លឿង។ ទីជម្រករបស់វាគឺតំបន់ព្រៃល្បោះដែលមានអូរ នៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី នៃប្រទេស កម្ពុជា ។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ហើយរដូវ បន្តពូជរបស់ត្មាតភ្លើងគឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយ រដូវមានពងកូនចំនួនមួយ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃលំផាត់ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់អាហារបន្ថែមដល់សត្វត្មាត ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ អាហារដ្ឋានត្មាតរបស់យើងបានកត់ត្រាឃើញគ្រួសារត្មាតភ្លើង ដែលមានសមាជិក ៥ ក្បាល បានចុះមកស៊ីចំណី ដែលយើងផ្តល់ប្រចាំខែក្នុងនោះមានកូនចំនួន២ក្បាល។ វត្តមានរបស់សត្វត្មាតទាំងនេះ គឺជាសញ្ញាវិជ្ជមានដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់យើង ដែលបង្ហាញថាប្រភេទត្មាតភ្លើងបានបន្តពូជដោយជោគជ័យនៅតំបន់ទេសភាពនៃដែនជម្រកសត្វព្រៃលំផាត់។

ដែនជម្រកសត្វព្រៃលំផាត់គឺជាទីតាំងដែលក្រសួងបរិស្ថាននិងអង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងអនុវត្តគម្រោងឥណទានកាបូន (រេដបូក)ក្នុងគោលបំណងការពារព្រៃឈើនិងជីវចម្រុះដើម្បីបានជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ការកត់ត្រាវត្តមានកូនត្មាតភ្លើងដែលទើបចាប់ផ្តើមហោះហើរនេះគឺជាសញ្ញាដែលបញ្ជាក់ថាគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់បានចូលរួមក្នុងការអភិរក្សប្រភេតសត្វជិតផុតពូជបំផុត។

គួរបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទ សត្វស្លាបកម្រ និងជិតផុតពូជបំផុតក្នុងប្រទេសកម្ពុជា។

អ្នកជំនាញបានពន្យល់ថា សត្វត្មាត ជាប្រភេទសត្វស្លាប ដែល មានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង