681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថានរៀបចំ «ទិវាបរិស្ថានជាតិ និងពិភពលោក» ក្រោមព្រះរាជអធិបតីភាព ព្រះមហាក្សត្រ នៅថ្ងៃទី ៥ មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីការត្រៀមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»។ ពិធីប្រារព្ធទិវានេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នាបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំទិវាបរិស្ថាននេះមានគោលបំណងសំខាន់ក្នុងការ លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និង ជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងផុសផុលក្នុងកិច្ចគាំពារបរិស្ថាន ដែលរួមបញ្ចូលទាំងគុណភាពខ្យល់ ទឹក សំឡេង និងការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាត បៃតង និងចីរភាព ដែលជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។​

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រៅពីពិធីផ្លូវការ ទិវាបរិស្ថាននេះថែមទាងមានរៀបចំពិព័រណ៍តាំងបង្ហាញពីសមិទ្ធផល និងផលិតផលនានារបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍន៍វិស័យបរិស្ថាន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ផងដែរ។

គួរបញ្ជាក់ថា ពិធីដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំនេះជាកិច្ចសហការរវាងក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង