ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ឧសភានេះ បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ។ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ បានសម្តែងហឬទ័យសោកស្តាយពេលទទួលដំណឹងថា កងទ័ពពលីដោយសារផ្ទុះអាវុធនៅព្រំដែន។
យោងតាមព្រះរាជសារ ព្រះអង្គមានព្រះរាជបន្ទូលថា «ខ្ញុំមានហឫទ័យសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងអំពីលោកព្រឹន្ទបាលឯក សួន រ៉ោន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ»។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកព្រឹន្ទបាលឯក សួន រ៉ោន ដែលជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង សូមឱ្យវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលឯក សួន រ៉ោន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
