681 ezgif.com resize
Swift cc time

អង្គការ School Aid Japan «គ្រោងជួយសាងសង់អាគារសិក្សា ២០ខ្នង» ក្នុងមួយឆ្នាំនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ជប៉ុន៖ អង្គការ School Aid Japan នាថ្ងៃទី ២៨ ឧសភា ២០២៥ បានបង្ហាញពីគម្រោងដ៏មហិច្ឆតា​របស់ខ្លួនក្នុងការសាងសង់អគារសិក្សាចំនួន ២០ ខ្នងក្នុងមួយឆ្នាំនៅទូទាំងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ។

បើតាមគេហទំព័រផ្លូវការនៃនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ លោក MIKI Watanabe បានជម្រាបជូនសម្ដេច អំពីសកម្មភាពមនុស្សធម៌របស់អង្គការ School Aid Japan នៅកម្ពុជាដែលបានដំណើរការអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។ អង្គការនេះបានបង្កើតមជ្ឈមណ្ឌលសម្រាប់កុមារកំព្រា ដែលបច្ចុប្បន្នមានកុមារជាង ១០០ នាក់កំពុងស្នាក់នៅ និងសិក្សា។

បើតាមប្រភពដដែល អង្គការ School Aid Japan ថែមទាំងបានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ជាពិសេសកុមារកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកដល់សិស្សានុសិស្សនៅតាមសាលារៀនសរុបជាង ២ ម៉ឺននាក់រហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះ អង្គការក៏បានបើកសាលាបង្រៀនភាសាជប៉ុនសម្រាប់កូនខ្មែរផងដែរ។ លោក MIKI Watanabe បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពរបស់អង្គការ School Aid Japan។

ជាការឆ្លើយតប សម្ដេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការ School Aid Japan ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននានានៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះស្របទៅនឹងគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។

សម្ដេចនាយករដ្ឋមន្ត្រីបានសន្យាថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សកម្មភាពរបស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការបន្តសកម្មភាពដ៏ល្អប្រពៃនេះ ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ៕

Khcct banner

អត្ថបទទាក់ទង