ភ្នំពេញ៖ សហរដ្ឋអាមេរិកស្វាគមន៍សហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវយុត្តិធម៌ និងតុល្យភាព ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីការពារសន្តិសុខជាតិ និងសន្តិសុខផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ព្រមទាំងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជំនួបពិភាក្សារវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរ។
លោកស្រី Bridgette Walker បានបង្ហាញនូវការព្រួយបារម្ភអំពីបទ ល្មើសចបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។
បើតាមលោកស្រី Bridgette Walker ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញជំហរផ្តល់ការគាំទ្រជា ជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ។
ជាកាឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំ ចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ពោលរាជរដ្ឋាភិបាល បានដាក់ចេញនូវអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕