ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធនិងអង្គភាពរដ្ឋបាលសុរិយោដី ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃនិងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខ ប្រសិនបើយើងមិនមានវិធានការដោះស្រាយអោយបានសមស្របត្រឹមត្រូវនោះទេ ដូច្នេះដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ដែលបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសដោយប្រើប្រាស់កំលាំងសរុប គឺនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលនឹងត្រូវបញ្ចប់ជាស្ថាពរ។ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋនិងដីឯកជនរបស់រដ្ឋផងដែរ។
តាមរយៈកិច្ចប្រជុំនេះដែរ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍គាំទ្រដល់ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដារ ដើម្បីសម្រួលបែបបទនិងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម, ការធ្វើបទបញ្ញត្តិដើម្បីគ្រប់គ្រងបុរីគឺជាកត្តាសំខាន់ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ, គាំទ្រចំពោះការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីសាយសំអាល់ក្នុងការបង្កើតសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់លើរាល់សេវាកម្មទាំងអស់ទាំងសេវាសុរិយោដីនិងពន្ធដារឆ្លើយតបតាមតម្រូវការជាក់ស្ដែងដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដល់ទីតាំង និងអាចទទួលបានសេវាគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទាំងអស់ និងស្នើសុំឱ្យបង្កើតក្រុមការងារ E-administration, File sharingដោយមានឆន្ទៈធ្វើការរួមគ្នារវាងខាងសុរិយោដីនិងពន្ធដារផងដែរ៕
