ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃ ២៧ ឧសភា បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ១១ឆ្នាំ។ ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយ សង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានបាត់បង់ជីវិតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងសុខាភិបាល នាថ្ងៃទី២៧ ឧសភា ២០២៥ បានគូសបញ្ជាក់ថា កុមារាអាយុ ១១ឆ្នាំ ដែលមានទីលំនៅ ក្នុងភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិតដោយសារ ជំងឺផ្តាសាយបក្សី ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។ បើតាមការសាកសួរបង្ហាញថា នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពេលនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅ អ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ៕
.jpg?1748400460)