.jpg?1748341099)
ស្វាយរៀង៖ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងលើសំណើចំនួន ១០ចំណុច ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានថ្លែងថា៖«ករណីសំណើរបស់បងប្អូននៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត ត្រូវបានដោះស្រាយបញ្ចប់តាំងពីល្ងាចមិញមកម៉្លេះ គឺទាំងក្រុមហ៊ុន ទាំងកម្មករបានយល់ព្រមសម្របសម្រួលគ្នា បើទោះណាចំណុចខ្លះមានភាពលើស និងខ្វះមួយចំនួនដែលមិនមានចែងក្នុងច្បាប់ក៏ដោយ ប៉ុន្តែការឈរលើប្រយោជន៍រួម ក្រុមការងារបានសម្រេចលទ្ធផលប្រកបដោយផ្លែផ្កា»។
បើតាមលោក មេសា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដោះស្រាយសំណើរបស់បងប្អូនកម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័តដើម្បីធានាថា កម្មករទទួលបានលក្ខខណ្ឌការងារល្អប្រសើរស្របតាមច្បាប់ដែលរដ្ឋាភិបាលបានដាក់ចេញ ហើយភាគីនិយោជកត្រូវអនុវត្តឱ្យបាន១០០% ដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ។ ជាមួយគ្នានេះ ក្រសួងក៏មិនអនុញ្ញាតឱ្យភាគីណាមួយយកកម្មករធ្វើជាលេស ដើម្បីទាញយកប្រយោជន៍ដែលផ្ទុយពីច្បាប់ផងដែរ។
ចំពោះសំណើ ១០ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើរៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា «ក្រសួងរីករាយណាស់ដែលក្រុមកម្មករ និងម្ចាស់រោងចក្រមានភាពចាស់ទុំក្នុងការដោះស្រាយ និងឈរលើប្រយោជន៍រួម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃបរិយាកាសការងារ និងលក្ខខណ្ឌការងារព្រោះរាជរដ្ឋាភិបាលត្រូវការស្តង់ដាការងារមួយដើម្បីធានាពីសុខុមាលភាពរបស់បងប្អូនកម្មករ និងការធានាបាននូវសង្វាក់ផលិតកម្មនៃរោងចក្រ»៕