.jpg?1748315383)
តូក្យូ៖ ក្រសួងការងារកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជួបពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍជំនាញដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។
ក្នុងជំនួបរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក KOBAYASHI Hiroyuki អនុប្រធាន (JICA) បានរំលេចនូវលទ្ធផលពិភាក្សាសំខាន់ៗ៣ចំណុច រួមមាន៖ ទី១. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ TVET ទី២. គម្រោងវេទិកាជប៉ុនសម្រាប់ពលករទេសអន្ដរប្រវេសន៍ឆ្ពោះទៅសង្គមប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅកាត់ JP-MIRAI) និងទី៣. គំរូខេត្តណាហ្កាណុ ព័ត៌មាន និងការអភិវឌ្ឍសមត្ថភាព។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពលើសារ:សំខាន់នៃគម្រោង JP-MIRAI ដែលជួយការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មសិក្សាការីកម្ពុជា។ លោករដ្ឋមន្ត្រី បានស្វាគមន៍ការពង្រីកគំរូកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងខេត្តណាហ្កាណុ នៃប្រទេសជប៉ុន ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញក្រោយកម្មសិក្សាការីចប់អាណត្ដិការងារពីប្រទេសជប៉ុន។

បន្ថែមពីនេះ លោក ហេង សួរ បានស្នើសុំការគាំទ្របន្ថែមក្នុងការធ្វើឱ្យទំនើបនូវឧបករណ៍បណ្តុះបណ្តាល និងការបង្កើនសមត្ថភាពគ្រូបង្រៀនជំនាញ ជាពិសេសវិស័យអេឡិចត្រូនិក រថយន្ត និងថាមពលដើមថ្មី ព្រមទាំងស្នើដល់ទីភ្នាក់ងារ JICA ជួយគាំទ្រលើការបង្កើតមាតិកាផ្សព្វផ្សាយដែលសាមញ្ញនិងងាយស្រួលដូចជា វីដេអូ ឯកសារ ឬសៀវភៅសង្ខេប ដែលផ្តល់ព័ត៌មានអំពីសិទ្ធិ តួនាទី និងមធ្យោបាយទទួលជំនួយសម្រាប់កម្មសិក្សាការីកម្ពុជាដែលចង់ធ្វើការនៅប្រទេសជប៉ុន៕
.jpg?1748315202)
.jpg?1748315211)