
កំពត៖ កំពតជាខេត្តទី២១ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅក្នុងខេត្ត-ក្រុង នៅកម្ពុជា។
ខេត្តកំពត បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងបង្គន់អនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ក្នុងសហគមន៍មូលដ្ឋានក្រុង ខេត្ត និងជនបទ។

បើតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឲ្យដឹងថា នៅក្នុងខេត្តកំពត ចែកចេញជា ៩ ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុប ៧០៩ ៣៧៥នាក់ ស្មើនឹង ១៦៥ ៩៨៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០% ដែលខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន មានចំនួន ១៤៩ ៤៥៨ខ្នងផ្ទះ ស្មើនឹង ៩៤,៣៧%, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម មានចំនួន ៨ ៩១១ខ្នងផ្ទះ ស្មើនឹង ៥,៦៣%ដែលធ្វើឱ្យស្ថានភាពក្រុង ស្រុក, ឃុំ សង្កាត់ និងភូមិ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាលនៅទូទាំងខេត្ត។

បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕

