ភ្នំពេញ៖ ក្រុមភ្ញៀវទេសចរចិនដំបូងចំនួន១២៥នាក់ ក្នុងចំណោមភ្ញៀវទេសចរចិនប្រមាណជាង ១០០០ នាក់ ធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងឱកាសពិធីបើកជាផ្លូវការ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលរៀបចំដោយ China Tourism Group ។
បើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នេះគឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាល CTG កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្រ្តី នៅទីស្នាក់ការក្រុមហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង៕