កំពង់ស្ពឺ៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភា ត្រូវបានមន្ត្រីក្រសួងបរិស្ថាន រកឃើញថាបានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិន ប៉ះពាល់ដល់ខ្យល់បរិយាកាស និងការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៅក្នុងមូលដ្ឋានក្បែររោងចក្រ។
បើតាមក្រសួងបរិស្ថាន បានឲ្យដឹងថា ជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនខាងលើមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវ។ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។
ក្រោយពីមន្ត្រីជំនាញ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា ក៏បានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ ដោយ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាមានសារធាតុ ដូចជា ៖កាបូនម៉ូណូអុកស៊ីត (CO) = 1657 ppm , អាសូតអុកស៊ីត (NOx) = 15,0 ppm, អាសូតម៉ូណូអុកស៊ីត (NO) = 50,0 ppm , ស្ពានធ័រឌីអុកស៊ីត (SO2) = 426 ppm, ស៊ីតុណ្ហភាព (flow gas t) = 161,7 °C។ ចំណែក នៅទីតាំងឡដុតស្លរំលាយជ័រ មានសារធាតុ កាបូនម៉ូណូអុកស៊ីត (CO) = 23,0 ppm, អាសូតអុកស៊ីត (NOx) = 2,0 ppm, អាសូតម៉ូណូអុកស៊ីត (NO) = 2,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2) = 66,0 ppm, ស៊ីតុណ្ហភាព (flow gas te) = 49,9 °C និងមានខ្លឹនឆ្ងៀមខ្លាំង។
ចំពោះមុខ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួង បានដាក់ចេញវិធានការលើក្រុមហ៊ុន ដូចជា ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ ទន្ទឹមនឹងនេះ ក្រសួង នឹងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់ ហើយក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង។
លើសពីនេះ ក្រសួង បានឲ្យធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន និង ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕