ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងអភិវឌ្ឍកិច្ចការងាររបស់មន្រី្តឡើងវិញ សម្រេចបានប្រសិទ្ធភាព និងឆ្លើយតបនឹង គោលបំណងដែលបានកំណត់។
បើតាមសេចក្តីប្រកាស ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ នឹងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ពិនិត្យផ្ទៀងផ្ទាត់មន្ត្រី ដែលបាននិងកំពុងបំពេញការងារជាក់ស្តែង ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល និងទិន្នន័យជាក់ស្តែងរបស់អង្គភាព។ រដ្ឋ មិនអនុញ្ញាតឱ្យមានការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពបំពេញការងាររបស់មន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ និងមិនអនុញ្ញាតឱ្យមានការកែតម្រូវឬកែប្រែទិន្នន័យឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេល យុទ្ធនាការ។
តាមប្រភពដដែល គណៈកម្មការ ត្រូវរៀបចំផែនការសកម្មភាពជាដំណាក់កាលនិងការចាប់ផ្តើមយុទ្ធនាការ, បែបបទនិង នីតិវិធី, វិធីសាស្ត្រ, សេចក្តីណែនាំ, ឯកសារនិងទម្រង់នានា, ប្រព័ន្ធព័ត៌មានវិទ្យា, ការផ្សព្វផ្សាយនិង ការបណ្តុះបណ្តាល, ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ប្រព័ន្ធរបាយការណ៍និងមធ្យោបាយ ចាំបាច់នានាដែលគាំទ្រដល់យុទ្ធនាការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
គណៈកម្មការ នឹងផ្តល់របាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាទៀងទាត់អំពីលទ្ធផលសម្រេចបានក្នុងដំណាក់កាលនីមួយៗនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធក្នុងយុទ្ធនាការនេះជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលត្រូវបានរកឃើញថា ប្រព្រឹត្តកំហុស ជាអាទិ៍ ការក្លែងឬបន្លំឯកសារឬព័ត៌មាន នឹងត្រូវបណ្តេញចេញពីការងារ ដោយមិនគិតដល់ ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌផ្សេងទៀត៕