កោះកុង៖ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពការងារ ប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវនេះមានប្រវែងសរុប ១៤៨ ,០៣៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ៖ ផ្លូវមាន២គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រនិងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ)។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕