ពោធិ៍សាត់៖ ផ្លូវជាតិលេខ១០ អតីតផ្លូវលេខ១៥៥១ មានប្រវែងផ្លូវសរុប ១៩៧,៣៦ គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០% នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ។
ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយពីក្រុមការងារបានត្រួតពិនិត្យរួចរាល់ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារប្រជុំវាយតម្លៃ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ។ ក្រុមហ៊ុនសាងសង់ បានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់នូវកិច្ចតិចតួចដែលសេសសល់នៅបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕