ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ២២ ឧសភានេះ បានថ្លែងចាត់ទុក«តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»ជា ចានបាយមាស របស់ពលរដ្ឋក្នុងខេត្តព្រះសីហនុដែលខិតខំធ្វើការ និង ជា«គជ់ដ៏ភ្លឺអស្ចារ្យបំផុត»របស់កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលកម្ពុជា និងចិន រៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក Wang Wenbin បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់សព្វថ្ងៃនេះ «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» បានទាក់ទាញក្រុមហ៊ុនវិនិយោគបានចំនួន ២០២ ក្រុមហ៊ុន មកពីប្រទេស និងតំបន់នានា ដូចជា៖ ចិន អឺរ៉ុប អាម៉េរិក និង អាស៊ីអាគ្នេយ៍ ដែលជាចំនួនប្រមាណ៧០ភាគរយនៃចំនួនសហគ្រាសសរុបក្នុងខេត្តព្រះសីហនុ ហើយបានបង្កើតការងារបានចំនួនជាង៣ម៉ឺន ២ពាន់កន្លែង ដោយមានទំហំនាំចេញ នាំចូលច្រើនជាងសរុប ៧ភាគរយ របស់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។
បើតាមលោក Wang Wenbin បានចាត់ទុក «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តព្រះសីហនុ ជាក្លាយជា«ចានបាយមាស»សម្រាប់ប្រជាជនដែលខិតខំប្រឹងប្រែងធ្វើការក្នុងខេត្តព្រះសីហនុ និងអាចហៅថា ជា«គជ់ដ៏ភ្លឺអស្ចារ្យបំផុត»មួយរបស់កម្ពុជា ក្នុងការសន្សំនៃច្រកល្អៀងឧស្សាហកម្ម ក្នុងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ពីក្រសួងការងារកម្ពុជា រយៈពេលបួនខែដើមឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាសជាមួយកម្មករនិយោជិត ១០ ៦១៩នាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥ ៨៥៤នាក់ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារអាមេរិក។
ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសទាំង ៥នៅខេត្តព្រះសីហនុ មានសហគ្រាស គ្រឹះស្ថានចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៤៦ ៧៥០នាក់ (ស្រី ២៣ ៨៧៩នាក់) ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ១៤៩,៦លានដុល្លារអាម៉េរិក ក្នុងនោះ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ មានប្រើកម្មករនិយោជិតសរុប ៣៣ ៦៣៦នាក់ បានផ្តល់ប្រាក់ឈ្នួល មធ្យមសរុបប្រចាំឆ្នាំប្រមាណ ១០៧,៦លានដុល្លារអាម៉េរិក៕