681 ezgif.com resize
Swift cc time

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១លានដុល្លារ លើគម្រោងអភិវឌ្ឍគ្រូបង្រៀនអប់រំកាយដែលមានគុណភាព ជួយកុមារ និងយុវជន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងផ្តល់ថវិកាសរុបចំនួន ១,១៨២,៦៥៨ ដុល្លារអាម៉េរិក ដល់អង្គភាពចំនួន២ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាព ស្របតាមស្តង់ដា។

បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ១,១៨២,៦៥៨ ដុល្លារ លើគម្រោងចំនួន២ រួមមាន៖ គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣) ក្នុងថវិកាចំនួន ៦១៨,០៨៦ ដុល្លារ។

គម្រោងនេះ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងអនុវត្តសកម្មភាពមួយចំនួន ដើម្បីកែលម្អ ប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សា ដូចជា បណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

គម្រោងទី២ ផ្តោតលើការជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ ក្នុងថវិកាចំនួន ៥៦៤.៥៧២ ដុល្លារ។ គម្រោងនេះ អង្គការកុមារឥតព្រំដែន នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការ លំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ តាមរយៈការផ្តល់ថ្នាក់ អប់រំសមមូល និងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធ កុមារ និងយុវជនអាចទទួលបានជំនាញ ដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត។

គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង