
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២០ ខែឧសភានេះ បានរៀបចំពិធីប្រគល់សម្ភារសុខាភិបាល «ម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារក Neoantal Ventilator»ដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកក្រុង ស្រុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលពិធីនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ពេទ្យធំ)។

លោក សុខ លូ បានលើកឡើងថា ប្រព័ន្ធសុខាភិបាលដែលប្រកបដោយគុណភាព និងប្រសិទ្ធភាពដែលអាចផ្ដល់ លទ្ធភាពទទួលបានសេវាកម្មស្មើភាពគ្នាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល។ ជាពិសេសប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្រើនទាក់ទងនឹងការថែទាំសុខភាពដែលជាលទ្ធផលនៃការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ។

លោក សុខ លូ បានបន្ថែមថា ទោះបីជាមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ក៏ដោយ ស្ថានភាពសុខភាពទូទៅរបស់ប្រជាជនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភាពខុសគ្នា និងបញ្ហាប្រឈម នានានៅតែមានជាពិសេសបញ្ហាកុមារ។ ជំងឺឆ្លង ជំងឺផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ-១៩ បានយាយី និងធ្វើឱ្យប្រព័ន្ធសុខាភិបាលលើពិភពលោក ដោយឡែកប្រទេសកម្ពុជាក៏ជួបប្រទះធំធេង។ សម្ភារវេជ្ជសាស្ត្រ និងបរិក្ខារ សុខាភិបាលមានសារៈសំខាន់ណាស់ក្នុងការជួយទប់ស្កាត់ជំងឺដង្កាត់ទាំងនោះ។ ចុងក្រោយនេះ ជំងឺផ្លូវដង្ហើមមានកើតឡើងច្រើនសម្រាប់មនុស្សទូទៅ និងកុមារ ជាពិសេសកូវីដ-១៩ប្រភេទថ្មី Omicron (JN.1) ដែលក្រសួងសុខាភិបាលទើបចេញប្រកាសថ្មីៗនេះ។

ក្នុងឱកាសនេះ លោក កើត រិទ្ធ បានលើកឡើងថា ម៉ាស៊ីនជួយសង្រ្គោះផ្លូវដង្ហើមទារកដែលផ្ដល់ជូននាពេលនេះនឹងជួយសង្រ្គោះទារក កាត់បន្ថយអត្រាគ្រោះថ្នាក់ ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នសុខាភិបាលនៅថ្នាក់ក្រោមជាតិដែលជាការរួមចំណែកក្នុងការអនុវត្តវិធានគន្លឹះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅមូលដ្ឋានជាពិសេសនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក៕

