ភ្នំពេញ៖ យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នឹងរៀបចំឡើងរយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី«ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជួយមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ បង្កើនសកម្មភាពកាន់តែជិតស្និត រវាងភាគីពាក់ព័ន្ធ ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
គួរបញ្ជាក់ថា យុទ្ធនាការនេះ នាឆ្នាំ២០២៤ មានអ្នកចូលរួមជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួនជាង ៣,៣លានដុល្លារ ជួយដល់កុមារកម្ពុជា។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ សូមបរិច្ចាគតាមរយៈគណនីរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាមេរិក៕
