ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន ព្រមទាំងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាអំឡុងពេលរដូវកាលបៃតង (Green Season)។
បើតាមកិច្ចពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា ក្រុមហ៊ុននឹងតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា ថែមទាំងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរ។
ជាលទ្ធផលនៃជំនួបនេះ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងសហការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាអំឡុងពេលរដូវកាលបៃតង (Green Season) និងការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើតកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនូវកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុន៕