Smart saver cctime web bannertif

សមាជិកសមាគមឧកញ៉ា១១៨រូបបរិច្ចាគថវិកាជាង៨០លានរៀលនិងជាង១លាន៦៩ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ សមាជិកនៃសមាគមឧកញ៉ាចំនួន១១៨នាក់ បានប្រមូលថវិកាសរុបជាប្រាក់រៀលចំនួនជាង ៨០លានរៀល និង ប្រាក់ដុល្លារចំនួនជាង ១លានជាង ៦៩ ម៉ឺនដុល្លារ ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពសប្បុរិសធម៌ជួយសង្គមកម្ពុជា។ពិធីប្រគល់រៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃកាកបាទក្រហមកម្ពុជា និង គណប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម។

ថវិកាប្រគល់ជូនដល់កាកបាទក្រហមកម្ពុជានាពេលនេះ គឺមានចំនួនជាប្រាក់រៀល ៨០,៣៥៧,១១០ រៀល និង ប្រាក់ដុល្លារ សរុបចំនួន ១,៦៩៦,៥៧៦.៧២ ដុល្លារអាម៉េរិក បានមកពីការបរិច្ចាគរបស់សមាជិកចំនួន ១១៨ នាក់ ក្នុងនោះថវិកា របស់សមាគមឧកញ៉ាផ្ទាល់ ចំនួន ១២២,០២៣.៣៩ ដុល្លា ដើម្បីប្រគល់ជូន កាកបាទក្រហម កម្ពុជាក្នុងឱកាស ខួបលើកទី162 ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៥ និងខូបលើកទី ៧០ កាកបាទក្រហមកម្ពុជា។

បើតាមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ ២០២៤ សមាគមឧកញ៉ា ប្រមូលនិងប្រគល់ថវិកាចំនួន $1,555,555 និង ចំនួន $1,343,000 ក្នុងឆ្នាំ2023 ជូនកាកបាទក្រហមកម្ពុជា។ ក្រៅពីការបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា សមាគម ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសប្បុរិសធម៌ ជាច្រើនដូចជា៖ ថ្វាយអង្ករ និង ថវិកា ថ្វាយអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ដើម្បីចូលរួមដង្ហែព្រះរាជសកម្មភាពសប្បុរិធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌,ឧបត្ថម្ភសម្លៀកបំពាក់ សម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរ ដល់សិស្សានុសិស្ស ដែលមានជីវភាពលំបាក ព្រមទាំងថវិកាសម្រាប់សាង ហេដ្ឋរចនាសម្ព័ន្ធនានា នៅអនុវិទ្យាល័យស្ទឹងជ្រៅ ខេត្តកណ្តាល, បានឧបត្ថម្ភសម្លៀកបំពាក់ សម្ភារៈសិក្សា និង គ្រឿងឧបភោគ បរិភោគ ដល់កុមារកំព្រាកំពុងរស់នៅ ក្នុងមណ្ឌលចំនួន ៤ក្នុងខេត្តកំពង់ស្ពឺ, បានឧបត្ថម្ភថវិកា ក្នុងមូលនិធិសាងសង់ សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាខេត្តសៀមរាប, បានចូលរួមឧបត្ថម្ភថវិកា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, បានចូលរួមឧបត្ថម្ភថវិកា ក្នុងមូលនិធិការប្រកួតកីឡា យុទ្ធគុណចម្រុះបុរាណខ្មែរគ្រប់ទម្រង់ ពានរង្វាន់សម្តេចធិបតី, បានឧបត្ថម្ភថវិកាដើម្បីកសាងអគារសិក្សា និងទិញសម្ភារៈ ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តកំពង់ធំ រួមនិងសកម្មភាពសប្បុរិសធម៌ជាច្រើនទៀត។

គួរបញ្ជាក់ថា នៅឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ឱ្យបង្កើតឡើង សមាគមឧកញ៉ា ហើយ ជាលទ្ធផល នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២២ សមាគមនេះ បានបង្កើត និង ចុះបញ្ជីត្រឹមត្រូវ តាមច្បាប់នៅក្រសួងមហាផ្ទៃ និងបានសម្ពោធ ជាផ្លូវការនៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០២៣។បច្ចុប្បន្ន សមាគមឧកញ៉ា មាន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស ព្រមទាំងមានឥស្សរជនជាន់ខ្ពស់ចំនួន ៤ រូប ជា អនុប្រធានកិត្តិយស និងមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ចំនួន ៨ រូប ជាទីប្រឹក្សាជាន់ខ្ពស់។

គិតត្រឹមថ្ងៃទី ១៣ ខែ ឧសភាឆ្នាំ ២០២៥ សមាគមមានសមាជិកពេញសិទ្ធិសរុបចំនួន ៤៤៤ រូប ដែលមានក្រុមហ៊ុនជិត ៩០០ ក្រុមហ៊ុន និងគ្របដណ្តប់លើគ្រប់វិស័យ ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដែលផ្តល់ការងារជាង ៦០ ម៉ឺននាក់ ជូនដល់ប្រជាជនកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង