ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កិច្ចការបន្ទាប់ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ គិតគូរលើការរៀបចំក្រុង និងពិនិត្យឈ្មោះ និងលេខកូដភូមិសាស្ត្រ ដើម្បីក្រសួងអាចរៀបចំអាសយដ្ឋាន និងព្រំប្រទល់ភូមិ ឃុំ ខេត្ត ទូទាំងប្រទេសឡើងវិញ។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។
ក្នុងឱកាសនេះ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨០៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់៕