Smart saver cctime web bannertif

យុវជន១០រូបសហការគ្នារៀបចំគម្រោងដើម្បីជំរុញការអភិវឌ្ឍការអប់រំ STEAM នៅសាលារដ្ឋចំនួន៥ នៅតាមបណ្តាខេត្ត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន១០រូបមកពីសាកលវិទ្យាល័យចំនួន៣ផ្សេងគ្នា សហការគ្នារៀបចំគម្រោង STEAM in Action ជំរុញការអភិវឌ្ឍការអប់រំ STEAM នៅសាលារដ្ឋចំនួន ៥ នៅតាមបណ្តាខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ និងកំពង់ស្ពឺ ដោយផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោល កែលម្អបន្ទប់សិក្សាឱ្យទាន់សម័យ និងអភិវឌ្ឍកម្មវិធីសិក្សាដែលសមស្របនឹងបរិបទឌីជីថល។ ដើម្បីអាចធ្វើឱ្យបេសកកម្មនេះអាចបន្តទៅមុខបាន យុវជនក្រុមនេះបានផ្តួចផ្តើមរៃអង្គាសថវិកាដើម្បីអនុវត្តគម្រោងរយៈពេលបីឆ្នាំ។

យុវជន១០រូប បានផ្តួចផ្តើមអង្គការមួយដែលមានឈ្មោះថា WESTEAM Cambodia ដែលមានបេសកកម្មជម្រុញការផ្លាស់ប្តូរការអប់រំនៅកម្ពុជា តាមរយៈការរួមបញ្ចូលការអប់រំ STEAM ទៅក្នុងកម្មវិធីសិក្សារបស់សាលា។ យុវជនក្រុមនេះជឿជាក់ថា ការផ្តល់ឱកាសដល់សិស្សឲ្យចូលរួមក្នុងការសិក្សា STEAM ដោយផ្អែកលើបទពិសោធន៍ និងការអនុវត្តន៍ជាក់ស្តែង នឹងជួយបណ្តុះបណ្តាលសិស្សឲ្យក្លាយជាអ្នកត្រិះរិះពិចារណា អ្នកដោះស្រាយបញ្ហា និងអ្នកច្នៃប្រឌិត ដែលមានសមត្ថភាពដឹកនាំអនាគតបានយ៉ាងមានប្រសិទ្ធភាព។

យុវជនទាំង១០នាក់មានឈ្មោះ ពុំ ចន្ទសុជាតា, ពុំ ចន្ទមករា, សំ ស្រីនិត, អ៊ុន ស្រីនាង, អ៊ុន ស្រីណាក់, វិជ្ជានន្ទ នរពិជិត, កន ឈីមហេង, ហេង សុវណ្ណមុនីនុត, អាង សេងលី, តារា ល័ក្ខណា ដែលជានិស្សិតមកពីសាកលវិទ្យាល័យចំនួន៣គឺ សាកលវិទ្យាល័យខេមតិច(CAMTECH) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ 

កត្តាដែលជំរុញ​ឱ្យ WESTEAM Cambodia ផ្តួចផ្តើមគម្រោងនេះឡើង ដោយសារតែពួកគេយល់ឃើញថា ទោះបីកម្ពុជាបានមានការរីកចម្រើនខ្លះៗក្នុងវិស័យអប់រំ ការទទួលការអប់រំ STEAM ដែលមានគុណភាពនៅតែមានកម្រិត ជាពិសេសនៅតាមតំបន់ជនបទ។ គ្រូបង្រៀនភាគច្រើនមិនទាន់ទទួលបានការបណ្តុះបណ្តាលពេញលេញ ពីមូលដ្ឋានគ្រឹះសម្រាប់សតវត្សទី ២១ ដូចជាជំនាញឌីជីថល ភាពច្នៃប្រឌិត និងវិធីសាស្ត្របង្រៀនចម្រុះផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លទ្ធផលគឺ សិស្សមិនទាន់ត្រៀមខ្លួនបានល្អសម្រាប់ការប្រឈមនឹងសេដ្ឋកិច្ចសកលក្នុងសតវត្សទី ២១។

បច្ចុប្បន្នយុវជនក្រុមនេះកំពុងអនុវត្តគម្រោង «STEAM in Action» ដែលជាគម្រោងរយៈពេល ៣ ឆ្នាំ ក្រោមការសហការជាមួយ Snoopedu Education។ គម្រោងនេះមានគោលបំណងជំរុញការអភិវឌ្ឍការអប់រំ STEAM នៅសាលារដ្ឋចំនួន ៥ នៅតាមបណ្តាខេត្ត ដោយផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោល កែលម្អបន្ទប់សិក្សាឲ្យទាន់សម័យ និងអភិវឌ្ឍកម្មវិធីសិក្សាដែលសមស្របនឹងបរិបទឌីជីថល ។ សាលារដ្ឋទាំង ៥ រួមមាន វិទ្យាល័យ ពេជ្រចិន្តា ស្ថិតនៅខេត្តបាត់ដំបង អនុវិទ្យាល័យ ពោធិ៍សាត់ ស្ថិតនៅខេត្តពោធិ៍សាត់ អនុវិទ្យាល័យ អរញ្ញរង្សី និងបឋមសិក្សា វត្តរាជបូណ៌ ស្ថិតនៅខេត្តសៀមរាប ព្រមទាំងសាលាសហគមន៍ច្បារច្រុះ ស្តិតនៅខេត្តកំពង់ស្ពឺ។

បើតាម កញ្ញា សំ ស្រីនីត ជាអ្នកដឹកនាំគម្រោងនេះ បានឱ្យដឹងថា សិស្សប្រមាណ៥០០ នាក់ និងគ្រូបង្រៀនប្រហែលជា ២៥ នាក់ នឹងទទួលបានឱកាសរៀននូវជំនាញ សម្រាប់សតវត្សទី ២១ ដូចជា ការច្នៃប្រឌិត ការធ្វើការជាក្រុម និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់អនាគត តាមរយៈគម្រោងនេះ ។ គម្រោងនេះ នឹងបង្កើតឱកាសសម្រាប់សិស្សក្នុងតំបន់ដែលខ្វះខាត ដោយជំរុញឲ្យមានភាពស្មើរគ្នានៅក្នុងការអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។

ដើម្បីអាចធ្វើឱ្យបេសកកម្មនេះអាចបន្តទៅមុខបាន យុវជនក្រុមនេះបានផ្តួចផ្តើមកម្មវិធីដើម្បីរៃអង្គាសថវិកាដើម្បីអនុវត្តគម្រោង ក្នុងករណីសាធារណជនមានចំណាប់អារម្មណ៍ចង់ចូលរួមចំណែកជាមួយគម្រោងនេះ អាចចូលទៅកាន់តំណភ្ជាប់ហ្វេសប៊ុករបស់ We Educate STEAM ដើម្បីបរិច្ចាគ។

គួរបញ្ជាក់ថា ការអប់រំ STEAM ដែលរួមមានវិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) សិល្បៈ (Arts) និងគណិតវិទ្យា (Mathematics) គឺជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងជំនាញសម្រាប់សតវត្សទី ២១។ គម្រោង STEAM in Action នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល​បី​ឆ្នាំ ហើយ​រួម​បញ្ចូល​ទាំង​សមាសភាគ ការជ្រើសរើសសាលារៀន & ការវាយតម្លៃតម្រូវការ, ការរៀបចំថ្នាក់រៀន STEAM គំរូ, កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល, ការអនុវត្តកម្មវិធីសិក្សា STEAM, បទបង្ហាញពីសិស្ស និងការចូលរួមពីសហគមន៍ , និង ការត្រួតពិនិត្យ និងវាយតម្លៃ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង