Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសុខាភិបាល ឱ្យពលរដ្ឋប្រយ័ត្នចំពោះវីរុសកូវីដបំប្លែងថ្មីប្រភេទ«JN.1»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យបានដឹងថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៉ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៉ិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។

រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៉ិន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៉ីន បង្គោល របស់វីរុស(mutations in the spike protein)។

ថ្វីត្បិតតែជេអ៉ិន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្រ្តីមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយ មានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗ គ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង