
កំពង់ចាម៖ ផ្ទះកំណើត របស់ សម្ដេច ហ៊ុន សែន ស្ថិតក្នុង ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលើកជាគំនិតរៀបចំប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេច ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន។គំនិតនេះ ទទួលបានការគាំទ្រពី សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ការគាំទ្រនេះ ធ្វើឡើងក្នុងពេលបានអញ្ជើញទស្សនា ផ្ទះកំណើត របស់ សម្ដេច ហ៊ុន សែន ក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ជាថ្ងៃកំណើតរបស់សម្តេច ហ៊ុន សែន។សម្តេចកើតនៅលើផ្ទះចាស់បែបសម័យបុរាណ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាភូមិស្រុកជាប់ដងទន្លេ។កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ផ្ទះនេះត្រូវបាន រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ សម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនា ផ្ទះកំណើត របស់ សម្ដេច ហ៊ុន សែន ក៏មានវត្តមានអញ្ជើញចូលរួមពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហើបពីគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេច ហ៊ុន សែន និង ជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាកទាញ។
សម្ដេច ម៉ែន សំអន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើម និងបានជម្រុញឲ្យ លោក ហួត ហាក់ និង លោកអ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕