
ភ្នំពេញ៖ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបានផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
គួររម្លឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
