Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្រ្តីសុខាភិបាល៖ កម្ពុជាមានអ្នកជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណីក្នុងមួយឆ្នាំ, ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឈាង រ៉ា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ដោយជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី  ក្នុងនោះប្រជាពលរដ្ឋប្រមាណ ១.៤ម៉ឺននាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។

លោករដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីក មនុស្សស្លាប់ជិត ១.៤ ម៉ឺននាក់ ក្នុងមួយឆ្នាំ ស្មើនឹងអត្រាខ្ពស់លើស ៧០% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោកគឺ ៤៨%។ អត្រាមរណៈដោយសារជំងឺមហារីកនេះ មានន័យថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីក រៀងរាល់ ៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃ ធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ទៅក្នុងទុក្ខលំបាក បន្សល់ទុក នូវកូនកំព្រា បុរសពោះម៉ាយ ឬស្ត្រីមេម៉ាយទុរគត»។

លោករដ្ឋមន្ត្រីបានបន្តថា៖ «កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ករណីនៅកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយ ៨០% ប៉ុន្តែនៅកម្ពុជា អត្រានេះមានទាបជាង ២០%ប៉ុណ្ណោះ។ ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ ២១០ ០០០នាក់ ទាំងក្មេង និងចាស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែប និងខេត្តប៉ៃលិនរួមបញ្ចូលគ្នា ឬជិតស្មើនឹងចំនួនប្រជាជននៅក្រុងសៀមរាប»។

ជាការឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានកំណត់នូវគោលដៅយុទ្ធសាស្ត្រចម្បងចំនួន៦ ក្នុងនោះរួមមាន ១.លើកកម្ពស់ការបង្ការជាបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តា ប្រឈម នៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ។ ២.ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ ៣.ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងត្រឹមត្រូវសម្រាប់ការព្យាបាល។ ៤.ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាថែទាំសមស្រប ប្រកបដោយគុណភាព។ ៥.ពង្រឹងប្រព័ន្ធព័ត៌មាន ការតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក។ ៦.ពង្រឹងអភិបាលកិច្ច ការសម្របសម្រួល ហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្ន ក្នុងការប្រយុទ្ធនឹងជំងឺមហារីក។

គួរបញ្ជាក់ថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង