
ភ្នំពេញ៖ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននានាប្រមាណចំនួន១០ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា បានចេញរើសសំរាមតាមដងផ្លូវជាតិក្នុងថ្ងៃចុងសប្តាហ៍នេះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្មកម្ពុជា។ឥរិយាបថនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកថា ជាការបង្ហាញពីសាមគ្គីភាពដ៏ល្អប្រពៃ ដើម្បីសម្អាតផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាតរហូតតទៅ។
យោងតាមក្រសួងបរិស្ថានកម្ពុជា តាមទីសាធារណៈ ក្នុងថ្ងៃចុងសប្តាហ៍នេះ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ តាជី យាយជី ក្រុមយុវជន អ្នកស្រឡាញ់បរិស្ថាន សមាគម អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន ដៃគូសហការពាក់ព័ន្ធ និងប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ ដែលចេញមករើសសំរាម រើសថង់ប្លាស្ទិកចេញពីផ្លូវជាតិ នៅទូទាំងប្រទេសកម្ពុជា។
លោកអ៊ាង សុផល្លែត បានចាត់ទុកថា សកម្មភាពចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន សមាគម អង្គការសង្គមស៊ីវិល អ្នកកាន់សាសនា និងប្រជាពលរដ្ឋ ដើម្បីសម្អាតកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាត អស់សំរាមប្លាស្ទិកតាមផ្លូវ និងតាមទីសាធារណៈ រហូតតទៅ។
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» លើដងផ្លូវជាតិទូទាំងប្រទេស។ តាមរយៈនេះ នៅលើដងផ្លូវជាតិមួយចំនួន ដែលចេញពីរាជធានីភ្នំពេញទៅ ខេត្តនានា ដែលអតីតកាលធ្លាប់តែសំរាម ជាពិសេសថង់ប្លាស្ទិកហើរតាមផ្លូវ តែបច្ចុប្បន្ននេះប្រែជាមានអនាម័យជាបណ្តើរៗ គ្មានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយឡើយ។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ បានកំណត់លើភាពស្អាត គឺកម្ពុជាជំរុញឱ្យមានភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើផ្ទៃមេឃ។ ដើម្បីភាពស្អាតនៅលើដី ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការចំនួន៣ ជាបន្តបន្ទាប់ ដើម្បីសម្អាត និងកាត់បន្ថយសំរាមនិងសំណល់ប្លាស្ទិក ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមចំនួន ១១លាននាក់ ដែលបានប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក យ៉ាងតិចចំនួន១ថ្ងៃ ក្នុង១សប្តាហ៍។
ទី២ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមចំនួន៦លាននាក់ ដែលបានអនុវត្តសកម្មភាពរើស និងប្រមូលទុកដាក់សំរាមនិងសំណល់ប្លាស្ទិក តាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងតាមដងផ្លូវនានា។ និងទី៣ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» បានកំពុងទទួលបានការគាំទ្រនិងការចូលរួម ពីមហាជនយ៉ាងច្រើន ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងថ្ងៃចុងសប្តាហ៍ ដែលលទ្ធផល រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ បានអនុវត្តសម្អាតផ្លូវជាតិ ៥០ខ្សែ ស្មើនឹងផ្លូវប្រវែង ៣ ១៩៣,៤គ.ម នៅតាម ឃុំ/សង្កាត់ចំនួន ៧០៧ ឃុំ-សង្កាត់ និងបានប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក នៅតាមដងផ្លូវ បានចំនួនប្រមាណ ៥២០តោន៕