Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចហ៊ុន សែន បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពហុភាគី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គណៈប្រតិភូអមដំណើរ សម្តេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងថ្នាក់ដឹកនាំមកពីក្រសួង/ស្ថាប័ននានា។

ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោ នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូរ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានព្រឹទ្ធសភា និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។

នៅរដ្ឋធានីហ្សាការតា សម្តេចតេជោ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមានជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន។ សម្តេចតេជោ ក៏នឹងផ្តល់បាឋកថាពិសេសក្រោមប្រធានបទ "កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក" និងបាឋកថាអំពី "ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា" នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government)។

បើតាមប្រភពដដែលនេះ ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ សម្តេចតេជោ នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាទីម័រឡេស្តេ។ សម្តេចតេជោ នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាអំពី "មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព"។ ជាពិសេស ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ជូនសម្តេចតេជោ ជាកិច្ចតបស្នងចំពោះគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ។

ទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភារបស់កម្ពុជា សំដៅដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដែលនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង