
ភ្នំពេញ៖ ផ្លូវថ្មើរជើង ឬ Walk Streetទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រហូតធ្វើឲ្យរាជធានីភ្នំពេញ បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជា«ទីក្រុងដែលមានភាពរីករាយនៅពេលរាត្រី»។ ដើម្បីធ្វើឲ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មានជិត៤០បន្ទប់បន្ថែមទៀត ព្រមទាំងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញ។

ដើម្បីឲ្យគម្រោងនេះ កាន់តែដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រី និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចស្ថានីយ៍ស្តុកទឹកលូ មុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។ ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ បានសម្រេចសាងសង់បន្ទប់ទឹកអនាម័យ នៅចំណុចខាងលើនេះ ចំនួន៣៧បន្ទប់ ក្នុងនោះ រួមមាន៖ បន្ទប់ទឹកសម្រាប់បុរស ចំនួន២២បន្ទប់, បន្ទប់ទឹកសម្រាប់ស្ត្រី ចំនួន១៤បន្ទប់ និងបន្ទប់សម្រាប់ជនពិកា ចំនួន១បន្ទប់។

ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ បាននិងកំពុងជួសជុលឡើងវិញ ប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សម្រាប់ច្រាំងទន្លេ នឹងត្រូវប្រើប្រាស់ពេលវេលា នៃការសាង់សង់ចំនួន១ខែ។ ចំណែកបង្គន់អនាម័យ នឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែ ក្នុងការសាងសង់។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងខាងលើនេះ ធ្វើឡើងដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង (Walk Street) ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋ ដើរកម្សាន្ដ៕

