
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៣០ មេសានេះ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ADATA Technology របស់កោះតៃវ៉ាន់ ក្នុងគោលដៅ កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និង ការបង្កើតឱកាសការងារ។ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd.។
យោងតាមការប្រកាសពីក្រសួងការងារកម្ពុជា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញកម្រិតខ្ពស់នៅកម្ពុជា និងដើម្បីគាំទ្រផែនការវិនិយោគ និងការស្រាវជ្រាវរបស់ក្រុមហ៊ុន ADATA ឱ្យសមស្របតាមគោលដៅទំនើបភាវូបនីយកម្មឧស្សាហកម្មរបស់កម្ពុជា។
បើតាមក្រសួងដដែល អនុស្សរណៈនេះ មានសុពលភាពរយៈពេល៥ឆ្នាំ ដែលនឹងពង្រឹងគុណភាពកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់តែប្រសើរ លើឯកទេសក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ការផលិតឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត (AI)។ក្រុមហ៊ុន នឹងផ្តល់នូវអ្នកជំនាញបច្ចេកទេស ឧបករណ៍បណ្តុះបណ្តាល ក៏ដូចជាគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលស្របទៅនឹងតម្រូវការជំនាញនាពេលអនាគត។
គួរបញ្ជាក់ថា ក្រុមហ៊ុន ADATA Technology Co., Ltd.ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ បានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និង ហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង ៤០ កំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត, កុំព្យូទ័រ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត៕