
ភ្នំពេញ៖ ក្រុមហ៊ុន Infinite Capital Holding Company ជាក្រុមហ៊ុនមួយដែលត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ មានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
នាឱកាសនេះ លោក ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។ ចំពោះវិស័យឧស្សាហកម្មស្វាយចន្ទី លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។
លោកបន្តថា តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ លោកក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។
ជាការឆ្លើយតប លោក ចាង ឆាវមីន ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) បានថ្លែងអំណរគុណដល់លោក ជា វុទ្ធី ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា៕


