Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា និងរុស្ស៊ី នឹងជួបគ្នា ដើម្បីពិនិត្យជំរុញបន្ថែមលើ«ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង បច្ចេកទេស»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស 

ភ្នំពេញ៖ កម្ពុជា និងរុស្ស៊ី នឹងជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យជំរុញបន្ថែមលើ«ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង បច្ចេកទេស» នៅថ្ងៃទី ២៨ មេសា ២០២៥។កិច្ចប្រជុំនេះ នឹងពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានក្នុងភាពជាដៃគូសហប្រតិបត្តិការរួម រវាងកម្ពុជា និងរុស្ស៊ី នារយៈពេលកន្លងមកនេះ ព្រមទាំងកំណត់ទិសដៅនៅពេលអនាគត។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជា និងរុស្ស៊ី នឹងរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។ ភាគីទាំងពីរនឹង ធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងការរិះរកវិធីដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង រវាងប្រទេសទាំងពីរ លើវិស័យផ្សេងៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។

លោកស្រី Oksana Lut រដ្ឋមន្ត្រីកសិកម្មនៃសហព័ន្ធ រុស្ស៊ី 

បើតាមប្រភពដដែលនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងលោកស្រី Oksana Lut រដ្ឋមន្ត្រីកសិកម្មនៃសហព័ន្ធ រុស្ស៊ី នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (11th IGC) នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ។

គួររំលឹកថា កិច្ចប្រជុំ 11th IGC នឹងពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានក្នុងភាពជាដៃគូសហប្រតិបត្តិការរួម រវាងកម្ពុជា និងរុស្ស៊ី នារយៈពេលកន្លងមកនេះ ព្រមទាំងកំណត់ទិសដៅនៅពេល អនាគត ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង