
ភ្នំពេញ៖ គ្រួសារ២នាក់ប្តីប្រពន្ធ ត្រូវបានគេប្រទះឃើញដេកស្លាប់រួមគ្នានាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅក្រោមដើមសំរ៉ង ក្រោយពេលដែលពួកគាត់ បានកាប់ដើម្បីប្រមូលយកផ្លែទៅលក់ នៅក្នុងតំបន់ព្រៃក្នុងភូមិសាស្រ្តស្រុកបូទុមសាគរខេត្តកោះកុង។
គ្រួសារ២នាក់ប្តីប្រពន្ធ បានបាត់ដំណឹងជាច្រើនថ្ងៃ ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២នាទី ថ្ងៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ច បានរកឃើញសាកសពប្តីប្រពន្ធទាំង២នាក់ ត្រូវដើមសំរ៉ងរលំសង្កត់ពីលើ នៅកន្លែងដែលអ្នកទាំងពីរបានកាប់ដើមសំរ៉ងដើម្បីប្រមូលផលផ្លែ នៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សាកសពទាំងពីរនាក់ប្តីប្រពន្ធ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា។

ក្រសួងបរិស្ថាន បានសម្តែងនូវការសោកស្តាយ និងចូលរួមរម្លែកទុក្ខជាមួយក្រុមគ្រួសារដែលជួបឧបទ្ទវហេតុដើមឈើរលំសង្កត់នៅក្នុងព្រៃ និងបានពន្យល់អំពីច្បាប់ និងសំណូមពរដល់សមត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមសហការក្នុងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសចាត់វិធានការការពារ និងទប់ស្កាត់ការកាប់ដើមសំរ៉ង ឬមែកសំរ៉ង។
.jpg?1745376356)
យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ បានហាមការកាប់ ផ្តួល រំលំ រុករាន ឬបំផ្លាញព្រៃឈើ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០រៀល ទៅ៥០០ ០០០ ០០០រៀល ចំពោះប្រភេទរុក្ខជាតិព្រៃ ចំណាត់ថ្នាក់ទី២ ដល់ទី៤ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់ នៅក្នុងខេត្តកោះកុង។ ការកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងតម្លៃសេដ្ឋកិច្ចមូលដ្ឋាន៕
.jpg?1745376376)